
ជនភៀសសឹកនិងគ្រួសារអតីតយុទ្ធជន ចំនួន ៦៤៥គ្រួសារ នៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានទទួលព្រះរាជទ្រព្យរបស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង តាមរយៈកាកបាទក្រហមកម្ពុជា!
បន្ទាប់ពីបានទទួលព្រះរាជអំណោយ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ដែលបានសន្សំទុកមក ៤០ឆ្នាំ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានចាត់ឱ្យ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយជូនជនភៀសសឹក និងគ្រួសារអតីតយុទ្ធជនចំនួន ៦៤៥គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន និងបង្កើតជីវភាពថ្មី នៅភូមិតាកឹងបៃតង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។










