
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាកសិករ នៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ!
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករ មកពីក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ។ ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាក្រុងព្រះវិហារ ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីស្ថានភាពជីវភាព ការងារបង្កបង្កើនផល និងបញ្ហាប្រឈមនានា ដើម្បីជួយជ្រោមជ្រែងដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ឱ្យមានលទ្ធភាពពង្រីកការដាំដុះ បង្កើនទិន្នផល និងស្វែងរកទីផ្សារប្រកបដោយចីរភាព សំដៅលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែធូរធារ។









